កិច្ចប្រជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខ ប្រចាំខែមីនា និងដាក់ចេញនូវទិសដៅអនុវត្តបន្តខែមេសា ឆ្នាំ២០២៥ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ

អង្គភាពគេហទំព័រ និងទូរទស្សន៍អនឡាញ រស្មីបូព៌ា (kehaktomporraksmeybopia.com.kh) ចាងហ្វាងការផ្សាយ លោក កង ចេស្តា និង និពន្ធនាយក លោក ហ៊ី ឈុនលី ទំនាក់ទំនងនិងផ្តល់ព័ត៌មានការិយាល័យនិពន្ធ លេខទូរស័ព្ទ 012 881 959 - 031 4444 517 - 015 995 589

ខេត្តកំពង់ធំ៖ នៅរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខ ប្រចាំខែមីនា និងដាក់ចេញនូវទិសដៅអនុវត្តបន្តខែមេសា ឆ្នាំ២០២៥ ដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅស្ថិតក្រោមអធិបតីភាព ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងដោយមានការចូលរួមពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មេបញ្ជាការគ្រប់បណ្ដាកងឯកភាព និងការិយាល័យ ផ្នែកចំណុះ តាមកម្មវិធី ដែលបានគ្រោងទុក ។

លោកអនុសេនីយ៍ឯក ចាន់ សុធី នាយរងការិយាល័យទី៣ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងអានសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារយោធាសន្តិសុខប្រចាំខែមីនាកន្លងទៅ និងផ្សព្វផ្សាយសេចក្តីព្រាងទិសដៅភារកិច្ចសំខាន់ៗមួយចំនួន សម្រាប់អនុវត្តបន្តក្នុងខែមេសា ឆ្នាំ២០២៥ ដោយបានគូសបញ្ជាក់អំពីចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម និងលទ្ធផលសំខាន់ៗមួយចំនួន ដែលបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ សម្រេចបាន ។

សមាជិកសមាជិកានៃអង្គប្រជុំ បានឡើងពិភាក្សាបំពេញបន្ថែម លើរបាយការណ៍ និងទិសដៅ  ព្រមទាំងលើកឡើងនូវបញ្ហាមួយចំនួន ដើម្បីរួមគ្នាអនុវត្តឲ្យទទួលបានជោគជ័យ តាមផែនការដែលថ្នាក់លើបានប្រគល់ជូននៅខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ ពិសេសកិច្ចការពារសន្តិសុខសុវត្ថិភាព ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឲ្យទទួលបានជោគជ័យ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរ ចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មេបញ្ជាការគ្រប់បណ្ដាកងឯកភាព និងស្ថាប័នចំណុះទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចដែលថ្នាក់លើ បានប្រគល់ជូន សម្រេចបានតាមផែនការ ព្រមទាំងមានការកោតសរសើរពីមហាជន និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ផងដែរ ។ ពិសេសក្នុងរយៈពេលកន្លងទៅ អង្គភាពបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានចូលរួមយ៉ាងសកម្មក្នុងការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ទាំងបទល្មើសព្រៃឈើ និងបទល្មើសនេសាទ ទទួលបានជោគជ័យ គួរជាទីមោទនៈ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួនដែលត្រូវអនុវត្តជាបន្ទាន់ : ទីមួយ ត្រូវរៀបចំផែនការសហប្រតិបត្តិការជាមួយនឹងកងកម្លាំងប្រដាប់អាវុធទាំងបី អាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ ក្នុងកិច្ចការពារសន្តិសុខសុវត្ថិភាព និងរក្សាសណ្ដាប់ធ្នាប់ ជូនភ្ញៀវជាតិ អន្តរជាតិ និងប្រជាពលរដ្ឋចូលរួមសប្បាយរីករាយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានមកដល់នៅពេលខាងមុខដ៏ខ្លីនេះ។ ទីពីរ ត្រូវបន្តចូលរួមយ៉ាងសកម្ម ក្នុងការបង្ក្រាបបទល្មើសព្រៃឈើ និងបទល្មើសនេសាទខុសច្បាប់ ឲ្យទទួលបានជោគជ័យ ។ មិនត្រូវឱ្យមានបទល្មើសធនធានធម្មជាតិ កើតឡើងវិញជាដាច់ខាត។ បុគ្គលឬយោធិនណាម្នាក់ ចូលរួមឃុបឃិតទទួលផលប្រយោជន៍ពីបទល្មើសធនធានធម្មជាតិ ត្រូវទទួលវិន័យរបស់កងយោធពលខេមរភូមិន្ទ និងតាមច្បាប់ជាធរមាន។ និងទីបី រៀបចំពិធីអបអរសាទរក្នុងពិធីបុណ្យចូលឆ្នាំថ្មីនេះ ដោយមានលេងល្បែងរបាំប្រជាប្រិយ នៅក្នុងអង្គភាពនីមួយៗ  ព្រមជាមួយនោះដែរ ត្រូវត្រៀមបម្រុងកម្លាំង សម្រាប់ចល័តអន្តរាគមន៍ ដោះស្រាយយថាហេតុផ្សេងៗ ដែលកើតមានឡើងនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ តាមបទបញ្ជារបស់ឯកឧត្តមមេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ និងឯកឧត្តមអភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ឲ្យមានប្រសិទ្ធភាព។

Loading

Subscribe Raksmey BopiaTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 Raksmeybopia - Web Design by Phoeun