លោកអភិបាលស្រុកកំពង់ស្វាយ អញ្ជើញប្រកាសឱ្យចូលកាន់មុខតំណែងមេឃុំ ជំទប់ទី១ និងក្រុមប្រឹក្សាឃុំក្តីដូង ស្រុកកំពង់ស្វាយ

អង្គភាពគេហទំព័រ និងទូរទស្សន៍អនឡាញ រស្មីបូព៌ា (kehaktomporraksmeybopia.com.kh) ចាងហ្វាងការផ្សាយ លោក កង ចេស្តា និង និពន្ធនាយក លោក ហ៊ី ឈុនលី ទំនាក់ទំនងនិងផ្តល់ព័ត៌មានការិយាល័យនិពន្ធ លេខទូរស័ព្ទ 012 881 959 - 031 4444 517 - 015 995 589

(កំពង់ធំ)÷ លោក ឌឹត សាខន ប្រធានក្រុមប្រឹក្សាស្រុក លោក អ៊ុត វណ្ណរ៉ា អភិបាលស្រុកកំពង់ស្វាយ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសឱ្យចូលកាន់មុខតំណែងជាមេឃុំ ជំទប់ទី១ និងក្រុមប្រឹក្សាឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ពិធីនេះបានប្រារព្ធនៅបរិវេណសាលាឃុំក្តីដួង។

ថ្លែងទៅកាន់បងប្អូនប្រជាពលរដ្ឋ និងមន្ត្រីរាជការលោក អ៊ុត វណ្ណរ៉ា គូសបញ្ជាក់ថា អភិបាលកិច្ចល្អតម្រូវឱ្យក្រុមប្រឹក្សាឃុំ ធ្វើជាតំណាងឱ្យផលប្រយោជន៍របស់ប្រជាពលរដ្ឋ ដើម្បីឆ្លើយតបនឹងតម្រូវការ ប្រជាពលរដ្ឋរបស់ខ្លួន និងការទទួលខុសត្រូវនៅមូលដ្ឋាន ក្នុងគោលដៅលើកកម្ពស់គុណភាព នៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតាមរយៈការផ្តល់សេវាសង្គម ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ សាធារណៈដែលសំខាន់ចំបាច់ឱ្យបានកាន់តែប្រសើរឡើង កាន់តែមានការយកចិត្តទុកដាក់ និងកាន់តែមានការឆ្លើយតប ជាមួយនឹងការអភិវឌ្ឍនៅមូលដ្ឋាន ប្រកបដោយសមធម៌ និងមានចីរភាព ដើម្បីរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

លោក អ៊ុត វណ្ណរ៉ា អភិបាលស្រុកកំពង់ស្វាយ បានផ្ដាំផ្ញើដល់លោកមេឃុំ ជំទប់ទី១ និងក្រុមប្រឹក្សា ដែលត្រូវប្រកាសឱ្យកាន់ចូលមុខតំណែងថ្មីនេះគឺ ក្រុមប្រឹក្សាឃុំត្រូវបន្ត និងរក្សាឱ្យបាននូវវប្បធម៌សាមគ្គីភាព មិនបែងចែកនិន្នាការនយោបាយ និងស្ថានភាពក្នុងសង្គម ដោយខិតខំលើកកម្ពស់ការ ចូលរួមបំពេញការងារជាក្រុម ក្នុងចំណោមសមាជិកក្រុមប្រឹក្សាឃុំទាំងអស់ ដើម្បីធ្វើជាតំណាងឱ្យសាមគ្គីភាព ក្នុងចំណោមប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋានក្នុងឃុំ និងជំរុញការអភិវឌ្ឍមូលដ្ឋានឱ្យកាន់ តែប្រសើរឡើង ថែមទៀត។ នេះគឺជាគោលការណ៍ចម្បង នៃលទ្ធិប្រជាធិបតេយ្យដែលត្រូវ ឱ្យមានការចូលរួមពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន និងអ្នកពាក់ព័ន្ធទាំងអស់ នៅក្នុងការធ្វើសេចក្តីសម្រេចចិត្ត នៅគ្រប់កម្រិតដ៏មានសារៈសំខាន់ ដើម្បីជាប្រយោជន៍រួម របស់ប្រជាពលរដ្ឋ និង ការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពជូនប្រជាពលរដ្ឋប្រកបដោយសុខសុវត្ថិភាព។

ចំណាប់អារម្មណ៍ និងប្ដេជ្ញាចិត្តលោក ឃន ឆេងលី ប្រធានក្រុមប្រឹក្សាឃុំនិងជាមេឃុំក្តីដូងដែលមានខ្លឹមសារដូចតទៅ÷ អនុវត្តយ៉ាងខ្ជាប់ខ្ជួន តាមបទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ប្រគល់ជូន។ ខិតខំបំពេញការងារតាមតួនាទី និងភារកិច្ច យកអស់ពីកម្លាំងកាយ និងកម្លាំងចិត្ត។ ជំរុញការផ្ទេរមុខងារ និងធនធានទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលនេះគឺជាដំណើរការស្នូល។លើកកម្ពស់តម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការផ្តល់សេវាសាធារណៈ និងកិច្ចអភិវឌ្ឍន៍មូលដ្ឋាន។ លើកកម្ពស់សមត្ថភាព ធនធានមនុស្ស និងស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិ សំដៅចូលរួមចំណែកអនុវត្តដោយជោគជ័យនូវគោលនយោបាយ វិមជ្ឈការ និងវិសហមជ្ឈការ របស់រាជរដ្ឋាភិបាលកម្ពុជា។ រួមសហការជាមួយគណៈអភិបាលស្រុក/ខេត្ត និងអង្គភាពពាក់ព័ន្ធនានា ដើម្បីបង្កើនកិច្ចការពារ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ ដោយអនុវត្តឱ្យមានប្រសិទ្ធភាពស្របតាមគោលនយោបាយភូមិ/ឃុំមានសុវត្ថិភាព។ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកិច្ចឱ្យមានការរីកចំរើន សំដៅ កាត់បន្ថយភាពក្រីក្ររបស់ប្រជាជនក្នុងមូលដ្ឋាន។

សូមបញ្ជាក់ផងដែរថា ពិធីប្រកាសឱ្យចូលកាន់មុខតំណែងជាមេឃុំ ជំទប់ទី១ និងក្រុមប្រឹក្សាឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំគឺ÷១-លោក ឃន ឆេងលី ប្រធានក្រុមប្រឹក្សាឃុំ និងជាមេឃុំក្តីដូង ជំនួសលោក ថូ ថាំង ដែលបានទទួលមរណភាព។ ២-លោកស្រី គឹម ច័ន្ទបូរ៉េត្ត សមាជិកក្រុមប្រឹក្សាឃុំ ជាជំទប់ទី១ឃុំក្តីដូង ជំនួសលោក ឃន ឆេងលី។ ត្រូវបានទទួលស្គាល់លោក ដុំ ឌិន ជាសមាជិកក្រុមប្រឹក្សាឃុំក្តីដូង ជំនួសលោកស្រី គឹម ច័ន្ទបូរ៉េត្ត។ អត្ថបទលោក ហុី ឈុនលី

Loading

Subscribe Raksmey BopiaTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 Raksmeybopia - Web Design by Phoeun