(ខេត្តកំពង់ឆ្នាំង)៖ អាជ្ញាធរ និងប្រជាពលរដ្ឋ មកពីបណ្តាភូមិទាំង១២ ក្នុងឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានរួមគ្នាបុកអំបុកស្រូវថ្មី យកទៅចែកជូនកងទ័ពជួរមុខ និងជនភៀសសឹកនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដែលកំពុងប្រយុទ្ធយ៉ាងអង់អាចក្លាហាន ក្នុងការការពារបូរណភាពទឹកដី តតាំងជាមួយកងកម្លាំងប្រដាប់អាវុធថៃ ដែលនៅតែចិញ្ចឹមចិត្ត ឈ្លានពានមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា។
ការរួមគ្នាដាល់អំបុកនេះនៅបរិវេណវត្តត្រពាំងជុំ ស្ថិតនៅភូមិដូនទយ ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ មានការចូលរួមពី ឯកឧត្តមអ៊ុំ ខេមកោ អនុប្រធានក្រុមការងារចុះមូលដ្ឋាន ស្រុកកំពង់ត្រឡាច , លោក វន ស៊ីផា អភិបាលស្រុក , លោក ប៉ែន ចាន់ដារិទ្ធ ប្រធានក្រុមការងារចុះមូលដ្ឋានឃុំសែប អាជ្ញាធរ កងកម្លាំង ប្រជាពរដ្ឋគ្រប់ជាតិសាសន៍ យ៉ាងច្រើនកុះករ។
លោក ហោ សារិទ្ធិ មេឃុំសែប បញ្ជាក់ដឹងថាថ្ងៃនេះប្រជាពលរដ្ឋយើង ចំនួន១២ភូមិ សរុបជាស្រូវ ៥០០ គីឡូក្រាម ដើម្បីបុកអំបុក សម្រាប់យកទៅជួយឧបត្ថម្ភវីរៈកងទ័ពអង់អាចក្លាហាននៅសមរភូមិមុខ និង បងប្អូនជនភៀសសឹក ។ ក្នុងនោះគឺគ្រាន់តែអាជ្ញាធរយើងអំពាវនាវ ប្រជាពលរដ្ឋបានអញ្ជើញមកយ៉ាងច្រើនកុះករ គឺជាការសម្ដែងអំពីទឹកចិត្តដ៏ស្មោះស្ម័គ្រ និងមានសាមគ្គីភាពផ្ទៃក្នុងយ៉ាងល្អ សម្រាប់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានទាំងមូល ក៏ដូចជានៅទូទាំងប្រទេស មានការគាំទ្រ រាជរដ្ឋាភិបាល និង វីរៈកងទ័ពជួរមុខ ដែលកំពុងប្រយុទ្ធយ៉ាងអង់អាចក្លាហាន ក្នុងការការពារបូរណភាពទឹកដី តតាំងជាមួយកងកម្លាំងប្រដាប់អាវុធថៃ ដែលនៅតែចិញ្ចឹមចិត្ត ឈ្លានពានមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា។
លោក សាយ ប៊ុនថេន អភិបាលរងស្រុក តំណាងលោក វន ស៊ីផា អភិបាលស្រុកកំពង់ត្រឡាច រំលិចថា មកទល់ម៉ោងនេះវីរៈកងទ័ពរបស់យើង កំពុងតែជួបនិងស្ថានការលំបាក ហើយក្នុងហេតុការណ៍ដ៏សំខាន់នេះ នៃការតស៊ូលះបង់ជីវិត ពហិកម្មគ្រប់បែបយ៉ាងដើម្បី បុព្វហេតុជាតិ បូរណភាពទឹកដី ។ ក្នុងនាមយើងខ្ញុំជាអ្នកសមរភូមិក្រោយ មានការគាំទ្រទាំងសម្ភារៈ ទាំងថវិកា ទាំងស្មារតី និងសូមប្ដេជ្ញាខិតខំធ្វើអ្វីៗគ្រប់បែបយ៉ាង ដើម្បីគុណបំណាច់និងការដឹងគុណ ចំពោះវីរៈកងទ័ព ក្នុងនាមយើងខ្ញុំជាអ្នកមូលដ្ឋាន បន្ថែមនូវកិច្ចការងារមួយចំនួនក្នុងកិច្ចការងារសង្គមនេះ រដ្ឋបាលស្រុកបានខិតខំគៀគរប្រមូលថវិកា សម្ភារៈ ដែលជាការបរិច្ចាគ របស់បងប្អូនប្រជាពលរដ្ឋនិងសប្បុរសជន ។
ក្នុងនាមអាជ្ញាធរ តំណាងអោយប្រជាពលរដ្ឋ ទាំងអស់ យើងខ្ញុំទាំងអស់គ្នាជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល និង សូមជូនពរវីរៈកងទ័ពខ្មែរទាំងអស់ មានសេចក្តីសុខ សុវត្ថិភាព ឈ្នះអស់លើ មារសត្រូវចោរសៀមឈ្លានពាន ដើម្បីការពារ បូរណភាពទឹកដី និងប្រជាជនយើង ៕រូបភាពនិងអត្ថបទដោយលោកជា នីម





























![]()
