(ខេត្តកំពង់ឆ្នាំង) ៖ សិស្សជាប់និទ្ទេសA ក្នុងឆ្នាំសិក្សា២០២៣-២០២៤-និង២០២៥ ចំនួន៩៣រូប បានទទួលរង្វាន់លើកទឹកចិត្ត ពីថ្នាក់ដឹកនាំនៃខេត្តកំពង់ឆ្នាំង ។ ពិធីនេះនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង ក្រោមវត្តមានឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត ព្រះអង្គចន្ទ មុនី ឯកឧត្តម លោកជំទាវសមាជិកព្រឹទ្ធសភា រដ្ឋសភា មន្ទីរពាក់ព័ន្ធ លោកគ្រូ អ្នកគ្រូ មាតាបិតាសិស្ស ជាច្រើនរូប។
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង លើកឡើងថា រង្វាន់នាពេលនេះ ជាការលើកទឹកចិត្តដល់សិស្សានុសិស្សដែលបានខិតខំប្រឹងរៀនអស់រយៈពេល១២ឆ្នាំ ទទួលបាន លទ្ធផលជាផ្លែផ្កាល្អប្រសើរ ដែលជាមោទនភាពដល់ក្រុមគ្រួសារ ដល់សាលារៀន និងដល់សង្គមជាតិ ទាំងមូល។ ជាក់ស្តែងក្រសួងអប់រំ យុវជន និងកីឡា ក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញនូវទិសស្លោក មួយ «អ្នកចេះគឺជាប់» គឺជាទិសស្លោកដ៏មានប្រសិទ្ធភាពបំផុត ដែលមិនត្រឹមតែបង្ហាញពីទស្សនវិស័ នឹងឆន្ទៈនៃកំណែទម្រង់របស់ក្រសួងតែប៉ុណ្ណោះទេ តែនេះពិតជាបានបង្ហាញពីការខិតខំប្រឹងប្រែង របស់សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងបុគ្គលិកអប់រំទាំងអស់ ធ្វើយ៉ាងណាដើម្បីឱ្យបេក្ខជនទាំង អស់ទទួលបានជោគជ័យក្នុងការប្រឡងជាចាំបាច់។
ការសិក្សាអបរំ គឺជាឃ្លាំងនៃចំណេះដឹងទូទៅ ដែលមានលោកគ្រូ អ្នកគ្រូ ជាស្ថាបនិកផលិត ធនធានមនុស្ស ក្រោមការខិតខំលះបង់ពេលវេលាបណ្តុះបណ្តាលសិស្សពីជំនាន់មួយទៅជំនាន់មួយ ទៀត ដើម្បីអនាគតកូនចៅប្រជាពលរដ្ឋ និងដើម្បីបុព្វហេតុនៃការអភិវឌ្ឍប្រទេសជាតិ។ បើគ្មានការ អបរំទេនោះ គឺមិនអាចធ្វើឲ្យសង្គមមួយរីកចម្រើនបានឡើយ ការសិក្សាអប់រំ គឺជាកូនសោរសម្រាប់ បើកទ្វារអនាគត។ រាជរដ្ឋាភិបាលបច្ចុប្បន្នក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេច មហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាននឹងកំពុងយកចិត្ត ទុកដាក់យ៉ាងខ្លាំង ទៅលើវិស័យអប់រំនេះ ដែលមានគ្រូបង្រៀនជាស្នូលពង្រឹងវិស័យអប់រំ សិស្សទាំងអស់ត្រូវធ្វើជាសោរមួយសម្រាប់សង្គម កុំធ្វើខ្លួនជាវីរុស ប្រែក្លាយខ្លួនជាកត្តាមួយដែលប្រទេសជាតិចង់បាននិងត្រូវការជាចាំបាច់។
គូសបញ្ជាក់ផងដែរ មួយរយៈពេលកន្លងទៅនេះ រដ្ឋបាលខេត្តកំពង់ឆ្នាំង ពុំបានចែករង្វាន់ដល់ សិស្សនិទ្ទេស A ដែលបានប្រឡងជាប់ក្នុងឆ្នាំសិក្សា២០២៣ និងឆ្នាំ២០២៤ ហើយរដ្ឋបាលខេត្តក៏នៅ តែមិនភ្លេចនូវការចែករង្វាន់ដល់ក្មួយសិស្សានុសិស្ស ទោះបីក្នុងកាលៈទេសៈណាក៏ដោយ រដ្ឋបាលខេត្ត នៅតែខិតខំប្រឹងប្រែងកៀរគរថវិកានានា ដើម្បីលើកទឹកចិត្តដល់ក្មួយៗនៅឆ្នាំបន្តទៀត ប្រឹងប្រែងរៀនសូត្រ ដើម្បីឱ្យប្រទេសជាតិទទួលបានការអភិវឌ្ឍជាលំដាប់។
គួរបញ្ជាក់ផងដែរសិស្សជាប់និទ្ទេសA ទាំង៩៣រូប ក្នុងមួយរូបទទួលបាន IPAD ១ឈុត និងថវិកា ៤០ម៉ឺនរៀល ។ ដោយឡែកចំពោះនាយក នាយកា វិទ្យាល័យដែលមានសិស្សជាប់ និទ្ទេសA ចំនួន៣៤វិទ្យាល័យ ក្នុង១វិទ្យាល័យ ទទួលបានថវិកាចំនួន ១លានរៀល៕រូបភាពនិងអត្ថបទដោយលោកជា នីម
(



























![]()
