ឧត្តមសេនីយ៍ទោ សោម ស៊ុន ដឹកនាំកម្លាំងចម្រុះ បង្ក្រាបបទល្មើសនេសាទខុសច្បាប់ ក្នុងរដូវហាមឃាត់ នៅឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ 

អង្គភាពគេហទំព័រ និងទូរទស្សន៍អនឡាញ រស្មីបូព៌ា (kehaktomporraksmeybopia.com.kh) ចាងហ្វាងការផ្សាយ លោក កង ចេស្តា និង និពន្ធនាយក លោក ហ៊ី ឈុនលី ទំនាក់ទំនងនិងផ្តល់ព័ត៌មានការិយាល័យនិពន្ធ លេខទូរស័ព្ទ 012 881 959 - 031 4444 517 - 015 995 589

(ខេត្តកំពង់ធំ)៖ នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន  មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង  អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានដឹកនាំកងកម្លាំងចម្រុះ បង្ក្រាបឧបករណ៍ល្មើសនេសាទខុសច្បាប់ នៅមាត់តំបន់បឹងទន្លេសាប និងមាត់បឹងទន្លេឆ្មា ក្នុងរដូវបិទនេសាទ នៅឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ជារៀងរាល់ថ្ងៃ កងកម្លាំងចម្រុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ដែលមានកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ជាស្នូល បានធ្វើសកម្មភាពជាប្រចាំនៅក្នុងតំបន់បឹងទន្លេសាប ក្នុងឃុំផាត់សណ្ដាយ  ស្រុកកំពង់ស្វាយ និងឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ។ ជាលទ្ធផល បទល្មើសនេសាទជាទ្រង់ទ្រាយធំ មិនមានការកើតឡើងជាថ្មីទៀតទេ ពិសេសការលួចឆក់ត្រី និងការអូសត្រជាក់ ត្រូវកងកម្លាំងយើងលុបបំបាត់បានស្ទើរតែទាំងស្រុង។ តែដោយឡែកនៅតែមានជនខិលខូចមួយចំនួន នៅតែបន្តលបលួចធ្វើសកម្មភាពដាក់ឧបករណ៍ល្មើសនេសាទខុសច្បាប់ដូចជា របាំងស្បៃអួនខុសទំហំ និងប្រវែងកំណត់  និងរបាំស្បៃមុង ដែលច្បាប់បានហាមឃាត់ដាច់ខាត នៅក្នុងភូមិសាស្ត្រព្រៃលិចទឹក ដែលជាតំបន់ជម្រកត្រីពងកូន នៅក្នុងរដូវបិទនេសាទនេះ ទោះបីកម្លាំងយើងធ្វើសកម្មភាពបង្ក្រាបជារៀងរាល់ថ្ងៃក្តី ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់  សូមមេត្តាកុំប្រើប្រាស់ឧបករណ៍នេសាទ នឹងធ្វើសកម្មភាពនេសាទខុសច្បាប់ ក្នុងរដូវបិទនេសាទនេះ  ដើម្បីរក្សាធនធានមច្ឆជាតិរបស់យើងឱ្យសំបូរឡើងវិញ និងសម្រាប់កូនចៅយើងនៅជំនាន់ក្រោយៗទៀត ។

ជាមួយនោះដែរឧត្តមសេនីយ៍ទោ សោម ស៊ុន រួមជាមួយកម្លាំងចម្រុះ បានប្តេជ្ញាចិត្តដាច់ខាត អនុវត្តតាមបទបញ្ជារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងបទបញ្ជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ ព្រមទាំងដឹកនាំណែនាំដោយផ្ទាល់របស់ឯកឧត្តមអភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ក្នុងការបន្តបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ឱ្យមានប្រសិទ្ធភាព និងទទួលបានជោគជ័យ សម្រាប់​សង្គម​ជាតិ​យើង​ទាំង​អស់​គ្នា​ ។

Loading

Subscribe Raksmey BopiaTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 Raksmeybopia - Web Design by Phoeun